លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានរៀបចំបន្ទប់បណ្តុះបណ្តាលជំនាញកុំព្យូទ័រ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីនគរបាល

សៀមរាប៖ នៅថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការចង្អុលបង្ហាញពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានរៀបចំបន្ទប់បណ្តុះបណ្តាលជំនាញកុំព្យូទ័រ ដល់មន្ត្រីនគរបាល ដែលមិនទាន់មានជំនាញ ឬមានជំនាញនៅមានកម្រិត ដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងាររបស់មន្ត្រីនគរបាលក្នុងការអនុវត្តតួនាទី ភារកិច្ច និងការងាររដ្ឋបាលឱ្យកាន់តែមានប្រសិទ្ធភាព។

តាមរយៈការបណ្តុះបណ្តាលនេះ មន្ត្រីនឹងទទួលបានចំណេះដឹង និងជំនាញជាមូលដ្ឋានក្នុងការប្រើប្រាស់កម្មវិធីកុំព្យូទ័រផ្សេងៗ ការរៀបចំឯកសារ ការវាយបញ្ចូលទិន្នន័យ ការគ្រប់គ្រងឯកសាររដ្ឋបាល និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដែលពាក់ព័ន្ធនឹងការងារ។ ការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលជំនាញកុំព្យូទ័រដល់មន្ត្រី គឺជាផ្នែកមួយនៃការពង្រឹងធនធានមនុស្ស ដោយផ្តល់ចំណេះដឹង និងជំនាញបន្ថែមដល់មន្ត្រីគ្រប់រូប ឱ្យមានសមត្ថភាពអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនបានកាន់តែល្អប្រសើរ ដើម្បីឆ្លើយតបនឹងតម្រូវការការងាររដ្ឋបាលក្នុងសម័យឌីជីថល៕

អត្ថបទពាក់ព័ន្ធ