កម្លាំងអាវុធហត្ថខេត្តសៀមរាប ចុះបង្ក្រាបក្រុមក្មេងទំនើងចំនួន០៣នាក់ ដែលបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ

ខេត្តសៀមរាប ៖ អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់យុវជនទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពទំនើង ដែលបង្កការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្កភាពអនាធិបតេយ្យក្នុងសង្គម បើមិនដូច្នោះទេសមត្ថកិច្ចអាវុធហត្ថនឹងធ្វើការបង្ក្រាបយកទៅព្រមានអប់រំ ក៏ដូចជាចាត់វិធានការតាមផ្លូវច្បាប់!

ជាក់ស្តែងបន្ទាប់ពីមានប្រជាពលរដ្ឋបានផ្តល់ព័ត៌មាន តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ របស់កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីក្មេងទំនើង នៅវេលាម៉ោង ១៩និង០៧នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា  ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថខេត្តសៀមរាប បានធ្វើការចុះបង្ក្រាបក្រុមក្មេងទំនើង ចំនួន០៣នាក់ រួមទាំងម៉ូតូចំនួន ០១គ្រឿង ដែលបានជិះម៉ូតូដេញគ្នាដោយកាន់កាំបិតខ្វែវរកបង្កទំនាស់ជាមួយអ្នកដ៍ទៃ បង្កឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ នៅចំណុចផ្លូវ បេតុងមុខវត្តចក ស្ថិតក្នុងភូមិភ្ញាជ័យ សង្កាត់​ស្វាយដង្គំ ក្រុងសៀមរាប  ខេត្តសៀមរាប។

បច្ចុប្បន្នក្មេងទំនើងទាំង០៣នាក់ បានឃាត់ខ្លួននៅការិយាល័យជំនាញដើម្បីសួរនាំ ធ្វើការអប់រំ និងកិច្ចសន្យាឲ្យ អាណាព្យាបាលមកធានាយកទៅលំនៅដ្ឋានវិញ។​ អាជ្ញាធរអំពាវនាវដល់យុវជនទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បង្កការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្កភាពអនាធិបតេយ្យក្នុងសង្គម។ ការចូលរួមរក្សាសណ្តាប់ធ្នាប់សាធារណៈ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ដើម្បីសង្គមមួយដែលមានសុវត្ថិភាព និងភាពថ្លៃថ្នូរ។

អត្ថបទពាក់ព័ន្ធ