យុវតី១០នាក់ វាយប្រតាយប្រតប់ និងបោចសក់គ្នានៅក្នុងវង់រាំធុងបាស ត្រូវបាននគរបាលខេត្តសៀមរាប ហៅមកធ្វើកិច្ចសន្យាអប់រំណែនាំ


ខេត្តសៀមរាប ៖ កម្លាំងនគរបាលខេត្តសៀមរាបធ្វើការនាំខ្លួនយុវតី១០នាក់ ពាក់ព័ន្ធករណីហិង្សា វាយប្រតាយប្រតប់ និងបោចសក់គ្នាទៅវិញទៅមក ក្នងវង់រាំធុងបាស កាលពីវេលាម៉ោង១៦:០០ នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ត្រង់ចំណុចប្រាសាទក្បាលបី ស្ថិតនៅភូមិស្លែងស្ពាន ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ។

ការនាំខ្លួនយុវតី១០នាក់ខាងលើ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកស្រី នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានបន្តនីតិវិធី ធ្វើការនាំខ្លួន មុខសញ្ញាពាក់ព័ន្ធ ទាំង ២ក្រុម សរុបចំនួន១០ នាក់ មានអាយុចន្លោះពី ១៣ ឆ្នាំ ទៅ ១៥ ឆ្នាំ មកធ្វើការសាកសួរនាំ ដោយក្រុមទី១ មានគ្នាចំនួន០៤នាក់ និងក្រុមទី២ មានគ្នាចំនួន០៦នាក់ ។

ក្រុមយុវតីទាំង០២ក្រុមខាងលើ បានឆ្លើយសារភាពថា ៖ ពួកខ្លួនទាំងពីរក្រុម ពិតជាបានធ្វើសកម្មភាពប្រតាយប្រតប់ និងបោចសក់គ្នាទៅវិញទៅមក ពិតប្រាកដមែន ប៉ុន្តែមិនមានអ្នកណារងរបួសឡើយ ។ មូលហេតុដែលបង្កឱ្យមានទំនាស់ គឺកន្លងមកពួកខ្លួនធ្លាប់មានទំនាស់គ្នាតាមបណ្តាញសង្គមហ្វេសប៊ុក ។ លុះនៅថ្ងៃកើតហេតុ ពួកខ្លួនបានមករាំធុងបាស់ ហើយបានរាំប៉ះគ្នា ទើបបង្កឱ្យកើតមានជាជម្លោះ និងឈានដល់ការវាយប្រតាយប្រតប់ និងបោចសក់គ្នាតែម្តង ។ បន្ទាប់ពីសាកសួរ កម្លាំងជំនាញ បានធ្វើតេស្ត រកសារធាតុញៀន លទ្ធផលអវិជ្ជមាន ទាំងអស់ ។

យោងតាម ការស្នើរសុំធានា ពីអាណាព្យាបាល និងដោយសារ ករណីខាងលើនេះ ជាករណីហិង្សាស្រាល (ពុំមានអ្នករងរបួស) គ្មានការដាក់ពាក្យបណ្តឹង ទៅវិញទៅមក និងដោយមានការ ឯកភាព ពីតំណាងអយ្យការ សាលាដំបូងខេត្តសៀមរាប យុវតីទាំង១០ នាក់នេះ ត្រូវបានអនុញ្ញាត ឲ្យធ្វើកិច្ចសន្យាអប់រំ ហើយវិលត្រឡប់ ទៅលំនៅដ្ឋានវិញ ជាបណ្តោះអាសន្ន ។

អត្ថបទ ៖ ហេង សុធីរ

អត្ថបទពាក់ព័ន្ធ