បង្ហោះវីដេអូសំលៀងដាវ «ភូមិរុន និងអ្នកតានី នឹងភូមិជ័យ ប៉ះគ្នាហើយ» ត្រូវអាវុធហត្ថខេត្តសៀមរាប នាំខ្លួនមកធ្វើកិច្ចសន្យាអប់រំ និងប្រគល់ជូនអាណាព្យាបាលយកទៅប្រដៅបន្ត
ខេត្តសៀមរាប ៖ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងរុនតាឯកតេជោសែន បានចុះស្រាវជ្រាវ និងឃាត់ខ្លួនយុវជនចំនួន ០៤នាក់ ពាក់ព័ន្ធនឹងការបង្ហោះវីដេអូសំលៀងដាវនៅលើបណ្តាញសង្គម យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យា ។
ការចុះបង្រ្កាបនេះដោយមានការយកចិត្តទុកដាក់ និងមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប កម្លាំងកងរាជអាវុធហត្ថបានចុះស្រាវជ្រាវ និងឃាត់ខ្លួនយុវជនចំនួន ០៤នាក់ នៅចំណុចខាងត្បូងវត្តរុន ស្ថិតក្នុងភូមិរុន សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ៖ នៅវេលាម៉ោង ២០:០០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ គណនី Facebook ឈ្មោះ «ប្រូ ដា» និងផេកឈ្មោះ «បង ដា» បានបង្ហោះវីដេអូសំលៀងដាវ ព្រមទាំងសរសេរខ្លឹមសារថា «ភូមិរុនអ្នកតានី នឹងភូមិជ័យប៉ះគ្នាហើយ» ដែលត្រូវបានចែករំលែកបន្តនៅលើបណ្តាញសង្គម ។ ក្រោយទទួលបានព័ត៌មាននេះ នៅវេលាម៉ោង ០៨:០០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងរុនតាឯកតេជោសែន ចំនួន ០៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ យិន កុម្ភៈ មេបញ្ជាការអាវុធហត្ថក្រុងរុនតាឯកតេជោសែន បានចុះស្រាវជ្រាវ និងឃាត់ខ្លួនយុវជនចំនួន ០៤នាក់ ។
វត្ថុតាងសមត្ថកិច្ចដកហូតបានមាន ដាវចំនួន ០១ដើម ។
បច្ចុប្បន្នយុវជនចំនួន០៤នាក់នេះ អាវុធហត្ថក្រុងរុនតាឯកតេជោសែន ធ្វើការសួរនាំ អប់រំណែនាំ និងធ្វើកិច្ចសន្យា ប្រគល់យុវជនទាំង០៤នាក់ ជូនអាណាព្យាបាលយកទៅលំនៅដ្ឋានដើម្បីបន្តអប់រំកែប្រែ និងណែនាំបន្ថែម ។
អាវុធហត្ថខេត្តសៀមរាប សូមអំពាវនាវដល់យុវជនទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពទំនើង និងសកម្មភាពដែលអាចបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ឬបង្កភាពអនាធិបតេយ្យក្នុងសង្គម។ ក្នុងករណីនៅតែបន្តប្រព្រឹត្ត សមត្ថកិច្ចនឹងចាត់វិធានការស្របតាមច្បាប់ជាធរមាន។
អត្ថបទ ៖ ហេង សុធីរ

