ក្លែងបន្លំធ្វើត្រារដ្ឋបាលសង្កាត់ និងត្រាឈ្មោះហត្ថលេខីចៅសង្កាត់ស្វាយដង្គំ ជនសង្ស័យ០២នាក់ត្រូវបាននគរបាលខេត្តសៀមរាបឃាត់ខ្លួនបញ្ជូនទៅតុលាការ
ខេត្តសៀមរាប ៖ ដោយមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធនឹងករណី ក្លែងបន្លំឯកសារសាធារណៈ (ធ្វើត្រារដ្ឋបាលសង្កាត់ និងត្រាឈ្មោះហត្ថលេខីចៅសង្កាត់ ក្លែងក្លាយ ) ។
តាមការបញ្ជាក់ពីនគរបាល បានអោយដឹងថា ៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៤ និង០០នាទី សមត្ថកិច្ចយើងបានទទួលសេចក្ដីរាយការណ៍ថា មានករណី លួចធ្វើត្រារដ្ឋបាលសង្កាត់ និងត្រាឈ្មោះហត្ថលេខី ក្លែងក្លាយ ពីរោងបោះពុម្ពមួយកន្លែងយីហោតារារះ ស្ថិតនៅក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ដែលមានម្ចាស់ឈ្មោះ ឃាម ខេមរៈ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅក្នុងរោងពុម្ពខាងលើ ក្រោយពីយើងបានទទួលបានសេចក្ដីរាយការណ៌ សមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងធ្វើការស្រាវជ្រាវ រហូតកំណត់អត្តសញ្ញាណជនសង្ស័យបាន ទើបនៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃដដែល សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរ រួមទាំងវត្ថុតាង (ត្រារដ្ឋបាលសង្កាត់ និងត្រាឈ្មោះហត្ថលេខី ក្លែងក្លាយ) យកមកធ្វើការសួរនាំ ក្រោយពីសួរនាំ ជនសង្ស័យឈ្មោះ ឃាម ខេមរៈ បានឆ្លើយសារភាពថា ខ្លួន ពិតជាបានទទួលធ្វើត្រារដ្ឋបាលសង្កាត់ និងត្រាឈ្មោះហត្ថលេខី ក្លែងក្លាយ ពីជនសង្ស័យឈ្មោះ ជា ស៊ីថា ពិតប្រាកដមែន ដោយមិនមានលិខិតអនុញ្ញាតអ្វីនោះទេ ។
វត្ថុតាងសមត្ថកិច្ចដកហូតបានមាន ៖ ត្រារដ្ឋបាលសង្កាត់ស្វាយដង្គំក្លែងក្លាយ ចំនួន១ ត្រាឈ្មោះហត្ថលេខីចៅសង្កាត់ ចំនួន១ ។ សមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀនតាមរយៈទឹកនោម លើជនសង្ស័យពីរខាងលើ ជាលទ្ធផល អវិជ្ជមាន ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី ។
អត្តបទ ៖ ហេង សុធីរ




