ចោរលួចម៉ូតូពីខេត្តកណ្តាល ជិះគេចខ្លួនរហូតដល់ទឹកដីសៀមរាប ត្រូវសមត្ថកិច្ចខេត្តសៀមរាបចាប់បាន និងនាំយកម៉ូតូមកប្រគល់ជូនជនរងគ្រោះវិញ


(សៀមរាប)៖ កាលពីវេលាម៉ោង១៤:០០ នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូពីខេត្តកណ្តាល។ ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកិច្ចសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។

ការឃាត់ខ្លួននេះបានធ្វើឡើង បន្ទាប់ពីកម្លាំងនគរបាលក្រុងសៀមរាប ទទួលបានព័ត៌មានពីអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងសេចក្តីរាយការណ៍ពីម្ចាស់ម៉ូតូថា រូបគាត់ត្រូវបានអ្នកស្គាល់គ្នា លួចយកម៉ូតូ ម៉ាក Scoopy ពណ៌ស ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1MH-3659 កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ នៅក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយជនសង្ស័យបានគេចខ្លួនឆ្ពោះមកខេត្តសៀមរាប។ ភ្លាមៗ កម្លាំងនគរបាលក្រុងសៀមរាប បានចេញធ្វើអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ សំណាង ចាន់ដារ៉ា ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង រួមទាំងម៉ូតូខាងលើ នៅចំណុចខាងជើងស្តុបគោកប៉ាទ្រី ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

នៅចំពោះមុខនគរបាលជំនាញ ជនសង្ស័យបានឆ្លើយសារភាពថា ម៉ូតូខាងលើ គឺបក្ខពួករបស់ខ្លួនជាអ្នកលួច ហើយបានឱ្យរូបខ្លួនជិះយកមកកាន់ខេត្តសៀមរាប។ ជាមួយគ្នានេះ សមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យ ជាលទ្ធផលអវិជ្ជមាន។ វត្ថុតាងដែលដកហូតបានរួមមាន ម៉ូតូម៉ាក Scoopy ពណ៌ស ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1MH-3659 ចំនួន០១ គ្រឿង។ បន្ទាប់ពីបានធ្វើការឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញធ្វើការទំនាក់ទំនងទៅកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តកណ្តាល ដើម្បីធ្វើការប្រគល់-ទទួល ជនសង្ស័យ និងវត្ថុតាង យកទៅកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ប្រតិបត្តិការនេះបង្ហាញពីកិច្ចសហការល្អរវាងសមត្ថកិច្ចខេត្តនានា ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស។

អត្ថបទ ៖ ហេង សុធីរ

អត្ថបទពាក់ព័ន្ធ