ជនជាតិឥណ្ឌូនេស៊ី ៣៥៥នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
(ភ្នំពេញ)៖ ជនជាតិឥណ្ឌូនេស៊ីសរុបចំនួន ៣៥៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល២ថ្ងៃ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ បានធ្វើការបណ្ដេញចេញជនជាតិឥណ្ឌូនេស៊ី ចំនួន ១៨០នាក់ (ស្រី ២៩នាក់) និងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានបណ្តេញចេញជនជាតិឥណ្ឌូនេស៊ី ចំនួន ១៧៥នាក់ បន្ថែមទៀត ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ។
ការបណ្ដេញចេញជនបរទេសខុសច្បាប់នេះ គឺជាការអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវបទបញ្ជា និងវិធានការច្បាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានសង្កត់ធ្ងន់ថា កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់កម្លាំងសមត្ថកិច្ចឱ្យបន្តខិតខំប្រឹងប្រែងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង និងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព៕
ប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារកិត្តិយស និងសន្តិសុខជាតិ ព្រមទាំងចូលរួមចំណែករក្សាសន្តិសុខក្នុងតំបន់ និងពិភពលោក តាមរយៈការបោសសម្អាត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទដោយគ្មានការលើកលែង។
អត្ថបទ ៖ ហេង សុធីរ

