វិវាទរវាងមគ្គុទ្ទេសក៍ទេសចរណ៍ និងបុគ្គលិកអាជ្ញាធរជាតិអប្សរា ត្រូវបានដោះស្រាយដោយសន្តិវិធី


(សៀមរាប)៖ ករណីវិវាទរវាងមគ្គុទ្ទេសក៍ទេសចរណ៍ លោក ហៀក សេងហួត និងបុគ្គលិកអាជ្ញាធរជាតិអប្សរា ដែលបានកើតឡើងនៅបរិវេណប្រាសាទបាយ័ន កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ និងមានការផ្សព្វផ្សាយវីដេអូតាមបណ្ដាញសង្គម TikTok ត្រូវបានមន្ទីរទេសចរណ៍ខេត្តសៀមរាប អញ្ជើញភាគីពាក់ព័ន្ធទាំងពីរមកជួបពិភាក្សា និងសម្របសម្រួលដោះស្រាយដោយជោគជ័យ។

តាមរយៈកិច្ចពិភាក្សា និងការសម្របសម្រួលប្រកបដោយស្មារតីស្ថាបនា ភាគីទាំងពីរបានបង្ហាញពីការយោគយល់គ្នា និងទទួលស្គាល់ថា បញ្ហាដែលបានកើតឡើង គឺបណ្ដាលមកពីការយល់ច្រឡំរៀងៗខ្លួន។ ជាលទ្ធផល ភាគីទាំងពីរបានឯកភាពផ្សះផ្សា សុំទោសគ្នាទៅវិញទៅមក និងបញ្ចប់វិវាទដោយសន្តិវិធី ក្នុងស្មារតីសាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមក។

ក្នុងឱកាសនេះ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានអំពាវនាវដល់មគ្គុទ្ទេសក៍ទេសចរណ៍ បុគ្គលិកបម្រើការងារនៅតាមគោលដៅទេសចរណ៍ និងភាគីពាក់ព័ន្ធទាំងអស់ បន្តពង្រឹងកិច្ចសហការ គោរពតួនាទី និងភារកិច្ចគ្នាទៅវិញទៅមក ព្រមទាំងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងការដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងការសម្របសម្រួលដោយសន្តិវិធី។ ជាមួយគ្នានេះ ក៏បានក្រើនរំលឹកឱ្យប្រើប្រាស់បណ្ដាញសង្គមប្រកបដោយការទទួលខុសត្រូវ ពិចារណាឱ្យបានហ្មត់ចត់មុននឹងផ្សព្វផ្សាយព័ត៌មាន ដែលអាចបង្កឱ្យមានការយល់ច្រឡំ ប៉ះពាល់ដល់កិត្តិយសបុគ្គល ស្ថាប័ន និងរូបភាពវិស័យទេសចរណ៍។

អត្ថបទ ៖ ហេង សុធីរ

អត្ថបទពាក់ព័ន្ធ