ជនសង្ស័យម្នាក់ត្រូវចាប់ខ្លួនក្នុង ករណីឃាតកម្មលើព្រះសង្ឃមួយអង្គនៅខេត្តព្រះសីហនុ ដោយសារគំនុំ
(ខេត្តព្រះសីហនុ)៖ កម្លាំងនគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្មដោយចេតនាគិតទុកជាមុន ទៅលើព្រះសង្ឃមួយអង្គ កាលពីវេលាម៉ោង ៣:២០ នាទីទាបភ្លឺ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅចំណុចវត្តពុទ្ធគីរីថ្មដា (ហៅថ្មដាក្រោម) ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនសង្ស័យឈ្មោះ ហឿម សុភា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរសំណង់ បានប្រើដំបងវាយ និងកាំបិតចែតអារ.ករ រួចកាប់សម្លាប់ព្រះសង្ឃ ព្រះនាម សយ សំអៀន ព្រះជន្ម ២២ឆ្នាំ ដែលគង់នៅវត្តកើតហេតុ។ ក្រោយធ្វើសកម្មភាព ជនសង្ស័យបានយករទេះដឹកសពព្រះសង្ឃទៅក្រោយសាលាវិទ្យុវត្ត រួចចាក់សាំងចំនួន ៣០លីត្រ ដុតបំផ្លាញសាកសពចោលតែម្តង។
មូលហេតុនៃអំពើឃាតកម្មនេះ ត្រូវបានជនសង្ស័យសារភាពថា កើតចេញពីគំនុំជាមួយជនរងគ្រោះ។ ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយប៉ុស្តិ៍នគរបាលសំរុង បានចុះដល់ទីតាំងកើតហេតុ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង កំពុងត្រូវបាននាំយកទៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
អត្ថបទ ៖ ហេង សុធីរ

