ហ៊ានចូលលួចប្រាក់ព្រះសង្ឃនៅវត្តទួលបល្ល័ង្គ ទីបំផុតត្រូវសមត្ថកិច្ចខេត្តព្រះវិហារ ស្រាវជ្រាវក្រសោបបាន និងនាំយកមកផ្តន្ទាទោស


(ព្រះវិហារ)៖ កម្លាំងនគរបាលស្រុកជ័យសែន បានសហការជាមួយកម្លាំងជំនាញ ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចប្រាក់ព្រះសង្ឃចំនួន ៤,៤០០,០០០រៀល នៅវត្តទួលបល្ល័ង្គ ស្ថិតក្នុងភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

លោកវរសេនីយ៍ឯក រិទ្ធ សូណា អធិការនគរបាលស្រុកជ័យសែន បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានពីប៉ុស្តិ៍នគរបាលរដ្ឋបាលខ្យង កម្លាំងជំនាញបានចុះប្រតិបត្តិការភ្លាមៗ រហូតឈានដល់ការកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចកែងការ៉ាស់សាំងស្ទឹងសែន ក្នុងក្រុងព្រះវិហារ។

ជនសង្ស័យមានឈ្មោះ សឿន កុសល ភេទប្រុស អាយុ ៣៦ឆ្នាំ ដែលមានទីកន្លែងកំណើតនៅភូមិព្រៃថ្មី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គួរឱ្យដឹងថា ជនសង្ស័យរូបនេះក៏ធ្លាប់បានបួសជាព្រះសង្ឃគង់នៅវត្តទួលបល្ល័ង្គនេះផងដែរ។ មុនពេលកើតហេតុ ជនសង្ស័យបានឆ្លៀតឱកាសដែលគ្រូចៅអធិការវត្តរវល់ដឹកនាំព្រះសង្ឃធ្វើពលកម្ម ក៏បានចូលលួចយកប្រាក់តែម្តង។ បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿង និងអនុវត្តតាមនីតិវិធីច្បាប់។

អត្ថបទ ៖ ហេង សុធីរ

អត្ថបទពាក់ព័ន្ធ