សប្បុរសជនមកពីស្រុកអូររាំងឪ បរិច្ចាគថវិកា ៨ ៥០០ ០០០ រៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប
(សៀមាប)៖ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ សប្បុរសជនមួយក្រុមមកពីស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បាននាំយកនូវថវិកាចំនួន ៨,៥០០,០០០ (ប្រាំបីលានប្រាំសែន) រៀល ទៅបរិច្ចាគជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ។ ការបរិច្ចាគនេះ ធ្វើឡើងក្នុងគោលបំណងរួមចំណែកទ្រទ្រង់សកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យ ក្នុងការបន្តផ្តល់សេវាព្យាបាលជំងឺជូនកុមារកម្ពុជាដោយឥតគិតថ្លៃ ប្រកបដោយគុណភាពខ្ពស់ ។
តំណាងសប្បុរសជនបានថ្លែងថា ការសម្រេចចិត្តបរិច្ចាគនេះ កើតចេញពីបំណងប្រាថ្នាដ៏យូរអង្វែងរបស់ពួកគាត់ បន្ទាប់ពីបានឃើញពីកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការជួយសង្គ្រោះជីវិតកុមាររាប់ពាន់នាក់ ដែលមកពីបណ្តាខេត្តនានាទូទាំងប្រទេស ។ ពួកគាត់មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានសម្រេចនូវបំណងប្រាថ្នារបស់ខ្លួននៅថ្ងៃនេះ ដើម្បីរួមចំណែកដល់បុព្វហេតុដ៏ថ្លៃថ្លានេះ ។
ការចូលរួមបរិច្ចាគរបស់សប្បុរសជននាពេលនេះ គឺជាគំរូដ៏ល្អមួយដែលបង្ហាញពីស្មារតីសាមគ្គីភាព និងការចែករំលែកក្នុងសង្គមខ្មែរ ដើម្បីបន្តជួយទ្រទ្រង់ដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាក្តីសង្ឃឹមរបស់កុមារកម្ពុជា ។
អត្ថបទ ៖ ហេង សុធីរ





















































