នគរបាលស្រុកប្រាសាទបាគង ចាប់ខ្លួនឪពុកល្មោភកាម ចាប់រំលោភកូនស្រីបង្កើតខ្លួនឯង
(សៀមរាប)៖ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានស្រុកប្រាសាទបាគង បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ប្រាក់ គីមឡេង អាយុ ៥៩ឆ្នាំ រស់នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភ និងបំពានផ្លូវភេទលើកូនស្រីបង្កើតរបស់ខ្លួន ។ ការឃាត់ខ្លួននេះធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីម្តាយជនរងគ្រោះ ។
យោងតាមពាក្យបណ្តឹង និងការសាកសួររបស់សមត្ថកិច្ច ជនរងគ្រោះដែលជាកូនស្រីអាយុ ១៥ឆ្នាំ បានរៀបរាប់ថា ឪពុករបស់ខ្លួនបានប្រព្រឹត្តអំពើបំពានផ្លូវភេទមកលើនាងចំនួន ៧លើក ដោយលើកចុងក្រោយកើតឡើងនៅខែសីហា ឆ្នាំ២០២៦ តែមិនបានសម្រេចឡើយ ។ ជនរងគ្រោះបានបញ្ជាក់ថា ការប្រព្រឹត្តនេះកើតឡើងនៅពេលម្តាយរបស់នាងទៅធ្វើការនៅរោងចក្រក្នុងរាជធានីភ្នំពេញ ។ ករណីនេះក៏មានសាក្សីម្នាក់ជាប្អូនស្រីបង្កើតអាយុ ១១ឆ្នាំ បានឃើញផ្ទាល់ភ្នែកផងដែរ ។
ទោះបីជាជនសង្ស័យមិនបានសារភាពក៏ដោយ ដោយផ្អែកលើពាក្យបណ្តឹង ការរៀបរាប់របស់ជនរងគ្រោះ និងសាក្សី នគរបាលខេត្តសៀមរាបបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ។ ជនសង្ស័យត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនហើយ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
អត្ថបទ ៖ ហេង សុធីរ

