សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សជាប់និទ្ទេស A និង B នៅខេត្តសៀមរាប
សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលសៀមរាប បានអញ្ជើញជួបសំណេះសំណាលជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សនិទ្ទេស A និង B នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ (ឆ្នាំសិក្សា ២០២៥-២០២៦) ក្នុងខេត្តសៀមរាប នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាសៀមរាប។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្តែងនូវការអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សនិទ្ទេស A និង B ដែលជាវឌ្ឍនភាពដ៏ល្អប្រសើរ ជាលទ្ធផលនៃការខិតខំរបស់ក្មួយៗផ្ទាល់ គួបផ្សំជាមួយនឹងការដឹកនាំដ៏ល្អរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការយកចិត្តទុកដាក់បង្ហាត់បង្រៀនពីលោកគ្រូ អ្នកគ្រូ ការបំពេញការងារមានប្រសិទ្ធភាពរបស់នាយក នាយិកាសាលា គណៈគ្រប់គ្រងសាលា និងការជួយជ្រោមជ្រែងពីមាតាបិតា អាណាព្យាបាលរបស់សិស្សានុសិស្សទាំងអស់។ កត្តាទាំងនេះពិតជាវិសេស និងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការជំរុញឱ្យវិស័យអប់រំ យុវជន និងកីឡា កាន់តែមានវឌ្ឍនភាពថែមទៀត។
សម្តេចពិជ័យសេនា មានប្រសាសន៍ថា «ពិតណាស់ លទ្ធផលប្រឡងបាក់ឌុបរបស់សិស្សានុសិស្សពេលនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ស្របពេលដែលកម្ពុជាកំពុងប្រឹងប្រែងកសាងសមត្ថភាពស្ថាប័ន ការធ្វើទំនើបកម្មមូលដ្ឋាន សម្ភារៈបច្ចេកទេស និងការពង្រឹងប្រសិទ្ធភាពការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីឱ្យកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ ឆ្លើយតបទៅនឹងការរីកចម្រើនក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលកម្ពុជាត្រូវឈរលើសក្តានុពលដែលខ្លួនមាន និងបោះជំហានឱ្យទាន់ប្រទេសនៅក្នុងតំបន់ និងបរិការណ៍សកលលោក ជាពិសេសក្នុងស្ថានភាពដែលកម្ពុជាត្រូវប្រឹងប្រែងងើបឈរឡើង ដើម្បីការពារឯករាជ្យ អធិបតេយ្យ និងសន្តិភាពរបស់ប្រទេស»។
សម្តេចពិជ័យសេនា បានបញ្ជាក់ថា ការជួបជុំ និងផ្តល់ការលើកទឹកចិត្តដល់ក្មួយៗចៅៗនិទ្ទេស A គឺត្រូវបានផ្តួចផ្តើមរៀបចំឡើងតាំងពីឆ្នាំ២០១៤ និងត្រូវបានបន្តរៀបចំដោយរាជរដ្ឋាភិបាលបន្តវេន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ចំពោះក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប ក៏តែងតែបន្តជួបសំណេះសំណាលជាមួយក្មួយៗចៅៗសិស្សនិទ្ទេស A ជាបន្តបន្ទាប់ដែរ ហើយសម្រាប់ឆ្នាំនេះគឺជាលើកទី២ហើយ សម្រាប់ការផ្តល់រង្វាន់ជូនទាំងសិស្សនិទ្ទេស A និង B ដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលល្អគួរឱ្យទីមោទនៈ។ លទ្ធផលជោគជ័យនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលនេះ និងកន្លងមក បានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងកិច្ចសហការល្អប្រសើរ ក្នុងដំណើរឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍន៍ដោយចីរភាព និងការគាំទ្រអនុវត្តឱ្យសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
សម្តេចពិជ័យសេនា បានបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្តេជ្ញាចិត្តក្នុងការថែរក្សាសុខសន្តិភាព និងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណត់ចក្ខុវិស័យក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅរកការរីកចម្រើន ដែលក្នុងនោះការអប់រំ និងការកសាងធនធានមនុស្ស គឺជាវិស័យអាទិភាព។
សម្តេចពិជ័យសេនា ក៏បានពន្យល់ណែនាំដល់យុវជន អំពីច្បាប់កាតព្វកិច្ចយោធា និងបានលើកទឹកចិត្ត ផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំរៀនសូត្រ ដើម្បីមានសមត្ថភាពក្លាយជាធនធានមនុស្សដ៏មានសក្តានុពលពិតប្រាកដ ដោយត្រូវប្រកាន់យកការតស៊ូ អំណត់ព្យាយាម និងត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខនានាដែលសង្គមស្អប់ខ្ពើម។ ដោយឡែក សម្រាប់សិស្សដែលពុំបានប្រឡងជាប់ សូមកុំអស់សង្ឃឹម និងកុំបោះបង់ ផ្ទុយទៅវិញត្រូវតែខិតខំរៀនសូត្រ និងត្រៀមខ្លួនឱ្យបានល្អដើម្បីមានលទ្ធភាពប្រឡងជាប់នៅឆ្នាំក្រោយ ឬអាចបន្តការសិក្សាបរិញ្ញាបត្ររង ឬជំនាញវិជ្ជាជីវៈផ្សេងៗដែលត្រូវនឹងទីផ្សារការងារតាមការសម្រេចចិត្តរៀងៗខ្លួន។
សម្តេចពិជ័យសេនា ក៏បានជំរុញដល់មាតាបិតា អាណាព្យាបាលសិស្ស និងលោកគ្រូ អ្នកគ្រូ ឱ្យទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ ចំពោះអ្នកគ្រប់អាយុ និងអ្នកមានអត្តសញ្ញាណបណ្ណផុតសុពលភាព សូមអញ្ជើញទៅធ្វើនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់របស់ខ្លួន និងត្រៀមរាល់ឯកសារពាក់ព័ន្ធ ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០២៧ ខាងមុខនេះ។
គួររំលឹកផងដែរថា ក្នុងពិធីនោះ សម្តេចពិជ័យសេនា បានផ្តល់រង្វាន់លើកទឹកចិត្តដល់៖
-សិស្សជាប់និទ្ទេស A ចំនួន ១៦៨នាក់ (ស្រី ៩៦នាក់) ម្នាក់ៗទទួលបានថវិកា៤លានរៀល។
-សិស្សជាប់និទ្ទេស B ចំនួន ៧១៥នាក់ (ស្រី ៤៥០នាក់) ម្នាក់ៗទទួលបានថវិកា ៤០ម៉ឺនរៀល។

