គម្រោងសាកល្បង “ការធ្វើឱ្យមានភាពបៃតងនៅតាមមាត់ស្ទឹងសៀមរាប (Riverside Greenery) ” សម្រេចបាន ៩០ភាគរយ

គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រុមការងាររដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារ JICA ព្រមទាំងអង្គភាពពាក់ព័ន្ធ បានអនុវត្តគម្រោងសាកល្បង “ការធ្វើឱ្យមានភាពបៃតងនៅតាមមាត់ស្ទឹងសៀមរាប (Riverside Greenery) ” នៅមាត់ស្ទឹងសៀមរាប ចាប់ពីគល់ស្ពានព្រះរាជដំណាក់ ទៅផ្នែកខាងត្បូងប្រវែង ១០០ម៉ែត្រ សម្រេចបាន៩០ភាគរយហើយ នឹងគ្រោងបើកឱ្យកម្សាន្តនៅថ្ងៃទី២២ ខែវិច្ឆិកា ខាងមុខនេះ។

លោក យូមិតា កាស៊ីអូ អ្នកជំនាញ JICA បានឱ្យដឹងថា គម្រោងនេះគឺជាផ្នែកមួយ នៃគម្រោងការអនុវត្តន៍វិធីសាស្ត្រទីក្រុងឆ្លាត ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប។ នេះជាគម្រោងទី២ ដោយផ្ដោតសំខាន់លើការលើកកម្ពស់ឱ្យអ្នកថ្មើរជើងនៅក្នុងទីក្រុង ឱ្យប្រជាជនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប និងអ្នកទេសចរណ៍ដែលគាត់ មកទស្សនាខេត្តសៀមរាប លើកទឹកចិត្តឱ្យពួកគាត់ដើរនៅក្នុងទីក្រុង ខណៈគម្រោងនៅក្នុងដំណាក់កាលទី២នេះ មាន ៨គម្រោងធំៗ នៅទូទាំងខេត្ត។
……សម្ភាសន៍ លោក យូមិតា កាស៊ីអូ …….

លោក យូមិតា កាស៊ីអូ បានឱ្យដឹងទៀតថា នេះគឺជាគម្រោងមួយហៅថា “គម្រោងធ្វើឱ្យមានភាពបៃតងនៅតាមមាត់ស្ទឹងសៀមរាប” ដើម្បីបង្កើនភាពទាក់ទាញនៅតាមដងស្ទឹង ដោយធ្វើឱ្យតំបន់នេះមានភាពបៃតង ដោយមានការតុបតែងសួន ដាំផ្ការ រៀបចំប្រព័ន្ធភ្លើងលម្អ ការបំពាក់បច្ចេកវិទ្យាឌីជីថល មានទីតាំងសម្រាប់ថតរូបលេងកម្សាន្ត និងទីតាំងអង្គុយលេងផងដែរ។គម្រោងសាកល្បងនេះដែរ JICA សហការជាមួយនឹងរដ្ឋបាលខេត្ត រដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់សាលាកំរើក សាកល្បងមានប្រវែង១០០ម៉ែត្រ។ សម្រាប់ជំហានបន្ទាប់នឹងមានគម្រោងសាលាខេត្ត និងសង្កាត់ ពង្រីកតទៅទៀតរហូតទៅដល់ Pubtreet ដើម្បីទាក់ទាញភ្ញៀវទេសចរធ្វើដំណើរដោយថ្មើជើងនៅតំបន់ខាងលើនេះ៕

អត្ថបទពាក់ព័ន្ធ