យុវជន ៨នាក់ ជើងខ្លាំងខាងបង្ហោះម៉ូតូកែច្នៃនៅស្រុកជីក្រែង ខេត្តសៀមរាប ត្រូវកម្លាំងអាវុធហត្ថក្រសោបចាប់បានភ្លាមៗ ក្រោយបង្ក​ភាព​អនាធិបតេយ្យ​ក្នុង​សង្គម

​ខេត្ត​សៀម​រា​ប ៖ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​បាន​ផ្តល់​ព័ត៌មាន តាម​រយៈ លេខ​ទូរស័ព្ទ​បន្ទាន់ ១២៩៦ របស់​កងរាជអាវុធហត្ថ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​លើ​ករណី​ក្រុម​ក្មេង​ទំនើង នៅ​វេលា​ម៉ោង ១៦​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៦ កម្លាំង​អាវុធហត្ថ​ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​ចុះ​ធ្វើការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង បាន​ចំនួន​០៨​នាក់ រួម​ទាំង​ម៉ូតូ​ចំនួន ០៣​គ្រឿង ដែល​បាន​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ បង្ក​ឱ្យ​មានការ​រំខាន​ដល់​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ និង​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ នៅ​ចំណុច​ទួល​ព្នៅ ស្ថិត​ក្នុងភូមិ​កំពង់ក្ដី​១ ឃុំ​កំពង់ក្ដី ស្រុក​ជីក្រែង ខេត្តសៀមរាប​ ។

ប្រភព​ពី​កម្លាំង​កងរាជអាវុធហត្ថ​ជំនាញ​ខេត្ត បាន​ប្រាប់​ឱ្យ​ដឹង​ថា ៖ បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង​ទាំង ៨​នាក់ យក​មក​ធ្វើការ​អប់រំ និង​ឱ្យ​ឪពុក​ម្តាយ​មក​ធានា​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ប្រភព​បញ្ជាក់​ទៀត​ថា ជា​វិធានការ​រដ្ឋបាល ម៉ូតូ​ទាំង ០៣​គ្រឿង​ត្រូវ​បាន​ដកហូត​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​ជីក្រែង ​។

សូម​ជម្រាប​ថា ៖ កងរាជអាវុធហត្ថ​ មានពាក្យស្លោក ពោល​ថា ក្រុម​ក្មេង​ទំនើង​មួយ​គ្រា ធ្វើ​ឱ្យ​សោកស្តាយ​មួយ​ជីវិត ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍​ត្រី សៀ ទី​ន មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្តសៀមរាប បានឱ្យ​កម្លាំង​ជំនាញ​របស់​កងរាជអាវុធហត្ថ ធ្វើការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង បង្ហោះ​ម៉ូតូ ក៏​ដូច​ជាបទល្មើស​ផ្សេងៗ ឱ្យ​ដូ​ច​ភ្លៀងរលឹម ។

កងរាជអាវុធហត្ថ​ខេត្តសៀមរាប អំពាវនាវដល់​យុវជន​ទាំងអស់ ​ប្អូន​ៗ ត្រូវ​បញ្ឈប់​រាល់​សកម្មភាព​ទំនើង ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការ​សិក្សា បំផ្លាញ​ទ្រព្យសម្បត្តិ និង​កិត្តិយស​គ្រួសារ បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​ជុំវិញ ក៏​ដូច​ជា​បង្ក​ភាព​អនាធិបតេយ្យ​ក្នុង​សង្គម​ បើ​មិន​ដូ​ច្នះ​ទេ​កម្លាំង​កង​អាវុធហត្ថ​នឹង​ធ្វើការ​បង្ក្រាប​យក​ទៅ​ព្រមាន​អប់រំ ក៏​ដូច​ជា​ចាត់វិធានការ​តាម​ផ្លូវច្បាប់ជា​ធរមានផង​ដែរ ​។

អត្ថបទពាក់ព័ន្ធ
Leave A Reply

Your email address will not be published.